សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល បច្ចុប្បន្នកំពុងរងសម្ពោធពីក្រុមអ្នកតវ៉ាទាំងប្រជាពលរដ្ឋធម្មតា និង គណបក្សប្រឆាំង អំពាវនាវឱ្យរូបលោកចុះចេញពីតំណែង ក្រោយពីរូបលោក បានបរាជ័យក្នុងការអនុវត្តច្បាប់អាជ្ញាសឹក ដែលញ៉ាំងឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា។
បើទោះបីច្បាប់អាជ្ញាសឹកត្រូវបាន លោក យូន សុកយុល ប្រកាសលុបចោលហើយ តែគំហឹងរបស់ក្រុមអ្នកតវ៉ាក្នុងប្រទេសកូរ៉េខាងត្បូងមិនទាន់ផុតរលត់នោះទេ។គិតត្រឹមថ្ងៃទី ៤ ធ្នូនេហ ក្រុមអ្នកតវ៉ា និង សហភាពសហជីពធំបំផុតរបស់កូរ៉េខាងត្បូង បានចេញមកស្រែកតវ៉ាតាមដងផ្លូវទាមទារឱ្យ លោក យូន សុកយុក ចុះចេញពីតំណែង ខណៈមានមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូងមួយចំនួន បានដាក់សំណើលាលែងពីតំណែង ជាបន្តបន្ទាប់។
ចំណែក គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាគណបក្សប្រឆាំង បានប្រកាសចាប់ផ្ដើមដំណើរការនីតិវិធីចោទប្រកាន់លើលោក យូន សុកយុល ប្រសិនបើលោកមិនចុះចេញពីតំណែងភ្លាមៗនោះទេ។សមាជិកគណបក្សប្រជាធិបតេយ្យប្រឆាំង បានប្រាប់ BBC នៅខាងក្រៅរដ្ឋសភា លោកពិតជាមានការខកចិត្តណាស់ដែល លោកសុកយោល ប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក ជារឿងអាម៉ាស់ ខណៈប្រទេសកូរ៉េមិនមានភាពវឹកវរនោះទេ។
លោកបានថ្លែងថា៖ «យើងជាអ្នកប្រជាធិបតេយ្យដ៏រឹងមាំ។ "ប៉ុន្តែប្រជាជនកូរ៉េចង់មានសុវត្ថិភាព - ប្រធានាធិបតី Yoon ត្រូវតែលាលែងពីតំណែងឬត្រូវបានចោទប្រកាន់" ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕