កំពត៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តកំពត បានអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៧,០១%ហើយ នេះបើគិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ដែលមានប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ (PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០% ការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ) ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។
គួរបញ្ជាក់ថា ការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ត្រូវបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មក៕