កណ្តាល៖ ឯកអគ្គរាជទូត និង រដ្ឋទូត ប្រទេសចំនួន៤ បានធ្វើដំណើរទស្សកិច្ច«អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F របស់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពីដំណើរការសាងសង់ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិដ៏ធំរបស់កម្ពុជាមួយនេះ សម្រេចការសាងសង់បានប្រមាណជាង៩០ភាគ និង ត្រៀមបើកដំណើរការឆមាសទី១ ឆ្នាំ២០២៥ខាងមុននេះ។
ឯកអគ្គរដ្ឋទូត រាជទូត ទាំង៤ប្រទេសនោះ រួមមាន៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា, ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា,ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និង ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។ក្រុមមន្ត្រីទូតទាំង៤នោះបាន ទស្សនកិច្ចនៅទីតាំងសំខាន់ៗជាច្រើន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយការបង្ហាញភាពភ្ញាក់ផ្អើល ដោយមិននឹកស្មានថា កម្ពុជា មានការសាងសងព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ និង មានស្ដង់ដារខ្ពស់ បែបនេះនោះទេ។
ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានសន្យាថា នឹងព្យាយាម ជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ ទៅកាន់ប្រជាជនរបស់ពួកគេ ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកឯកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជា ៩២% និង ចំនួនទឹកប្រាក់ ១,៣៣៦ លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការ ដែលបានគ្រោងទុក។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F របស់កម្ពុជា សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។គេរំពឹងថា ក្រោយបើកដំណើរការ អាកាសយានដ្ឋាន អាចស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕