Cctimesw1140xh150cm copy

យុវជន ប៉ាង វរៈ ឧត្តម បង្កើត «វេបសាយ CodeForCambodia» រៀនកូដជាភាសាខ្មែរ ឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន ប៉ាង វរៈ ឧត្តម បង្កើតវេបសាយរៀនកូដជាភាសាខ្មែរដោយហ្វ្រីសម្រាប់យុវជនកម្ពុជាសិក្សាកាន់តែមានភាពងាយស្រួល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពយុវជនឱ្យចាប់អារម្មណ៍លើជំនាញ និងការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា រហូតមកដល់ពេលនេះមានអ្នកប្រើប្រាស់ប្រមាណ ៥ពាន់នាក់។

ប៉ាង វរៈ ឧត្តម ជានិស្សិតកម្ពុជាដែលបានបន្តការសិក្សានៅក្រៅប្រទេសគឺប្រទេសអូស្រ្តាលី ដែលទើបបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យ Swinburne ក្នុងឆ្នាំ២០២៤ នេះ។ ដោយសម្លឹងមើលឃើញពីឧបសគ្គដែលរារាំងសិស្សកម្ពុជាមួយចំនួនក្នុងការរៀនកូដជាភាសាបរទេស យុវជន ឧត្តម បានសម្រេចចិត្តក្នុងការបង្កើតជាគេហទំព័រមួយដែលមានឈ្មោះថា CodeForCambodia បើបកប្រែជាខ្មែរថា «កូដសម្រាប់កម្ពុជា» ដើម្បីសិស្សអាចចូលរៀនដោយសេរីលើថ្នាលមួយនេះដោយឥតគិតថ្លៃ និងមានភាពងាយស្រួលដោយសារតែមានបកប្រែជាភាសាខ្មែរ ដូចនេះ ទោះជាភាសាអង់គ្លេសនៅមានកម្រិត ក៏សិស្សអាចមានឱកាសក្នុងការយល់នូវខ្លឹមសារមេរៀនកូដបានផងដែរ។

បើតាមយុវជន ឧត្តម បានឱ្យដឹងទៀតថា ជំនាញក្នុងការសរសេរកូដជាជំនាញមួយដែលអាចអនុញ្ញាតឱ្យសិស្សនិស្សិតអាចបើកឱកាសឱ្យខ្លួនឯងទៅកាន់ឱកាសផ្សេងៗទៀតជាច្រើនដែលនឹកស្មានមិនដល់ ហេតុនេះទើបខ្លួនបង្កើតគេហទំព័រនេះឡើងដើម្បីពង្រឹងភាពអង់អាចនៃយុវជនផ្នែកឌីជីថល ក្នុងការអភិវឌ្ឍសមត្ថភាពយុវជនឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការសិក្សាមេរៀនពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

និស្សិតខ្មែរដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសនេះ បានបន្តទៀតថា គេហទំព័រ CodeForCambodia មានដាក់មេរៀនសម្រាប់អ្នកដែលមិនធ្លាប់ចេះពីមុនមក ក៏អាចចាប់ផ្តើមរៀនបាន ដែលមានប្រធានបទផ្សេងៗគ្នា ក្នុងនោះ មាន Python, C++, Java, HTML, CSS, JavaScript និងផ្សេងៗទៀតជាច្រើន។

ឧត្តម បានបន្តទៀតថា ប្រសិនបើមិនធ្លាប់រៀនកូដពីមុនមកទេ ខ្លួនលើកទឹកចិត្តឱ្យយុវជនរៀនចាប់ផ្តើមដំបូង ត្រូវរៀនចាប់ផ្តើមពីចំណុចដំបូងទៅដោយមានភាពអត់ធ្មត់ ព្រោះថាមេរៀនកូដ ជាមេរៀនដែលតម្រូវឱ្យសិស្សត្រូវមានផ្នត់គំនិតហ៊ានប្រឈម និងដោះស្រាយបញ្ហាជានិច្ចមិនត្រឹមតែជាការរៀនធម្មតានោះឡើយ។ ជាពិសេស សិស្សអាចចាប់ផ្តើមដំបូងជាមួយនឹងគម្រោង ឬ ភាសាដូចជា HTML ឬ Hello World នៅក្នុង Python។

យុវជន ឧត្តម បានលើកឡើងទៀតថា CodeForCambodia មានចក្ខុវិស័យច្បាស់លាស់ និងមានបេសកកម្មវែងឆ្ងាយក្នុងការធ្វើជាផ្នែកមួយនៃការពង្រឹងជំនាញឌីជីថលក្នុងស្រទាប់យុវជន ដើម្បីអាចធ្វើឱ្យសិស្សានុសិស្សបានត្រៀុមខ្លួនជាស្រេចក្នុងបរិបទថ្មីនៃសេដ្ឋកិច្ចឌីជីថល ព្រមទាំងលោកសង្ឃឹមថាសិស្សានុសិស្សនឹងចាប់យកជំនាញសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យាឱ្យបានកាន់តែច្រើន ក្រោយបានសិក្សាពីមូលដ្ឋានសំខាន់ៗទាំងនេះដូចជា AI, data science, and web development។

គួរបញ្ជាក់ផងដែរថា លោក ប៉ាង វរៈ ឧត្តម បានចាប់ផ្ដើមរៀនសរសេរកូដតាំងតែពីរៀនថ្នាក់ទី១០ មកម្លេះ ដែលធ្វើឱ្យលោកមានសមត្ថភាព អាចសរសេរកូដបង្កើតកម្មវិធី វេបសាយ និង App ផ្សេងៗបានជាច្រើន។​ ហើយថ្មីៗនេះ ​លោកទើបបានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ នៅឯសាកលវិទ្យាល័យមួយនៅក្នុងប្រទេសអូស្រ្ដាលី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង