ភ្នំពេញ៖ រាជធានីភ្នំពេញទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជា (ODF PLUS) នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ នៅកម្ពុជា។
រាជធានីភ្នំពេញបានទទួលជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជា (ODF PLUS) នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។
គួរបញ្ជាក់ថា ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ផ្ទះ និងដោយផ្ទះមួយខ្នងមានបង្គន់អនាម័យប្រើប្រាស់លើសពី ១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត ដែលសក្តិសមនឹងទទួលបានពានជ័យលាភីនេះ។
បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១២ហើយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើនដល់ ១៤/២៥ រាជធានី-ខេត្ត ៕