Cctimesw1140xh150cm copy

កម្ពុជា ទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

(ទីក្រុងប៊ែន, ប្រទេសស្វីស)៖ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍តាមរយៈបណ្ដាញប្រព័ន្ធប្រៃសណីយ៍។

ការទទួលពានរង្វាន់កិត្យានុភាពចំនួន ២ នេះធ្វ់ឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើនៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់។

ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបានរៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម (MSMEs)។

លទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបាននេះ គឺកើតចេញពីការធ្វើកំណែទម្រង់របស់ប្រៃសណីយ៍កម្ពុជា ដោយស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រយ៉ាងខ្លាំងដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ថេន សំវិសុទ្ធ អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា៖ “ ពានរង្វាន់ទាំងនេះគឺជាភស្តុតាងមួយ នៃការប្តេជ្ញាចិត្តឥតងាកររបស់ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ក្នុងការធានាមានឱ្យសុវត្តិភាពនិងនវានុវត្តន៍ក្នុងសេវាប្រៃសណីយ៍។ ជាងនេះទៅទៀត នេះក៏ជាការទទួលស្គាល់នូវការប្ដេជ្ញាចិត្តរបស់និយោជិតប្រៃសណីយ៍កម្ពុជា ដែលបានខិតខំធ្វើការដោយឥតនឿយហត់ ដើម្បីរក្សាទំនុកចិត្ត និងសុវត្ថិភាពបញ្ញើរបស់អតិថិជន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជារបត់ដ៏សំខាន់មួយនោះទេ ប៉ុន្តែក៏ជាការ លើកទឹកចិត្តផងដែរ ដើម្បីជំរុញការផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងសហគមន៍ពាណិជ្ជកម្មសកល។

ពានរង្វាន់ទាំងនេះ បានជួយពង្រឹងប្រៃសណីយ៍កម្ពុជាឱ្យក្លាយជាប្រតិបត្តិករប្រៃសណីយ៍នាំមុខគេមួយក្នុងតំបន់ និងបង្ហាញពីការតាំងចិត្តខ្ពស់របស់យើងក្នុងការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្តន៍សម្រាប់អតិថិជន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង