ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានជម្រាបជូនសម្ដេច អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះ បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នា ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕