ភ្នំពេញ៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តស្របតាមគោលបំណងរបស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” ដើម្បីរួមចំណែកសំដៅ ប្រែក្លាយ កម្ពុជាជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ការថ្លែងនេះធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ប៉ែន សុផល បានលើកឡើងថា ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានជំរុញការងារ គ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖
- ការពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិត បទដ្ឋាន គតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងនិង ការអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធី ជាធរមាន។
- គម្រោងអភិវឌ្ឍ រមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្ត សាធារណៈ កម្រិតខ្ពស់ “ឆ្នេរតេជោ សន្តិភាពកែប” ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
- គម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង
- កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”
- គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ ឆ្នេរ សមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។