ភ្នំពេញ៖ លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តឌីជីថល បានថ្លែងថា តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងការផ្តល់សេវាសាធារណៈ ក្នុងការឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។
ការថ្លែងនេះធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមលោក គិត ច័ន្ទគ្រឹស្នា បានលើកឡើងថា ក្រុមការងារបរិវត្តកម្មឌីជីថល បានរៀបចំកសាងនិងធ្វើទំនើបកម្មមូលដ្ឋានគ្រឹះឌីជីថល ដោយរៀបចំនូវមជ្ឈមណ្ឌលទិន្នន័យរួម ការប្រមូលផ្ដុំ និងសមាហរណកម្មទិន្នន័យ រួមទាំងការតភ្ជាប់ជាមួយថ្នាលរដ្ឋាភិបាលឌីជីថល ដើម្បីកសាងកម្មវិធីឌីជីថលបម្រើឱ្យសេវាសាធារណៈ ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព សុវត្ថិភាព ងាយស្រួល និងជឿទុកចិត្ត។
បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖ ១. សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី, ២. សេវាសំណង់ និង៣. សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ៤មុខសេវា ដូចជា សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។
ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយ ជាដើម៕