
ភ្នំពេញ៖ កម្មវិធី ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស្វែងយល់អំពីសាកលវិទ្យាល័យ និងជំនាញនៅថ្ងៃអនាគត។
កម្មវិធី ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ដែលមានការដាក់បង្ហាញអំពីសាកលវិទ្យាល័យ ប្រឹក្សាជំនាញ និងការពន្យល់បន្ថែមពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអប់រំ ដើម្បីអនុញ្ញាតឲ្យសិស្សនុសិស្សបានយល់ដឹងបាន់តែងាយស្រួល។
.jpg?1732269811)
លោក សុខ លាភ ដែលជានាយកក្រុមហ៊ុន Sala បានប្រាប់ស៊ីស៊ីថាមស៍ថា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យនេះ បានរៀបចំឡើងជាលើកទី៤។ លោកបានបញ្ជាក់ថា កម្មវិធីនេះគឺជាកន្លែងមួយដែលជួយក្នុងការដោះស្រាយចម្ងល់ និងការព្រួយបារម្មណ៍របស់សិស្សដែលទើបប្រឡងបាក់ឌុបហើយ ដោយទី១ ទទួលបានព័ត៌មាន ទី២ យល់អំពីជំនាញ ទី៣ យល់ពីខ្លួនឯង។ លោកបានប្រាប់ថា កម្មវិធីនេះបាននាំមកនូវ ស្តង់ពិព័រណ៍ចំនួនជាង ៤០ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័ន រដ្ឋ និងឯកជន ដែលនឹងផ្តល់ព័ត៌មាន និងការពិភាក្សាអំពីជំនាញទៅដល់សិស្សានុសិស្ស។ យ៉ាងណាមិញ លោក សុខ លាភ ក៏បានបន្តរៀបគម្រោងក្នុងការពង្រីកការតាំងពិព័រណ៍អប់បែបនេះ ទៅតាមបណ្តាខេត្ត និងសហគមន៍មួយចំនួនទៀតដើម្បីអាចឲ្យយុវជននៅតាមខេត្ត ក្រុងបានទទួលឱកាសដូចគ្នាផងដែរ។
កញ្ញា ឡាច នីតា ដែលជាសិស្សានុសិស្សដែលបានចូលទស្សនាពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៤ នេះបានប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីបានជួយឲ្យកញ្ញាបានសិក្សានិងស្វែងយល់នូវជំនាញដែលខ្លួនចូលចិត្ត ព្រមទាំងស្គាល់សាកលវិទ្យាល័យល្អៗបានច្រើន និងឱកាសអាហារូបករណ៍ទៅក្រៅប្រទេសផងដែរ។ កញ្ញាក៏បានបន្តទៀតថា កញ្ញាសង្ឃឹមថានឹងមានកម្មវិធីបែបនេះ នៅតាមបណ្តាខេត្ត និងសហគមន៍តូចៗឲ្យបានច្រើន ដើម្បីឲ្យយុវជននៅតាមខេត្តបានទទួលឱកាសដូចគ្នាដោយមិនចាំបាច់ចំណាយពេល និងថវិកាច្រើនក្នុងការឡើងមកភ្នំពេញដើម្បីទទួលបានព័ត៌មាន។
លោក គីម ពេជ្រតុលា បានប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីនេះបានជួយឲ្យលោកអាចស្វែងរកឱកាសថ្មីៗ និងស្វែងយល់នូវសមត្ថភាពខ្លួនឯងផ្ទាល់ ហើយក៏សង្ឃឹមថានឹងមានការផ្សព្វផ្សាយអំពីកម្មវិធីបែបនេះឲ្យកាន់តែទូលំទូលាយផងដែរ។
កញ្ញា វុធ ស៊ូអ៊ីន បានប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីនេះបានជួយឲ្យកញ្ញាងាយស្រួលក្នុងការដឹងអំពីសាកលវិទ្យាល័យដែលសាកសមនឹងចំណងចំណូលចិត្ត និងជំនាញរបស់កញ្ញា ដោយមិនចាំបាច់ចំណាយពេលយូរ។ មិនតែប៉ុណ្ណោះ តាមរយះការពន្យល់របស់វាគ្មិននៅក្នុងកម្មវិធី ក៏បានជួយលើកទឹកចិត្តកញ្ញាឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដែរ៕
.jpg?1732269828)
.jpg?1732269838)