ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា បានចេញព្រះរាជក្រម ស្តីពី«និរាករណ៍»ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ កែសម្រួលលើទម្រង់និងគតិច្បាប់នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ព្រមទាំងរដ្ឋសភាបានអនុម័តជាលើកទី២ដោយវិធីបោះឆ្នោតចំហកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
យោងតាមមាត្រា២នៃព្រះរាជក្រម ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរ ដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
មាត្រា៣ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានាដើម្បីធានា ដល់ការដកខ្លួនជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕