
ភ្នំពេញ ៖ លោក ស សុខា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយនិស្សិត ហេង គឹមហុង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ២០២៤ម្សិលមិញនេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា និស្សិត ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់និស្សិត ហេង គឹមហុង លោក ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕
