
សៀមរាប៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប។ ទន្ទឹមគ្នានេះ កម្ពុជា ក៏នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមានពិធី«ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ដែលមានចំងាយ៤ គីឡូម៉ែត។

ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ និងជាអាជ្ញាធរមីន លើកឡើងថា ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។
លោកទេសរដ្ឋមន្រ្តីបន្ថែមថា «គ្មានអ្វីដែលត្រូវមានមោទនភាពចំពោះការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួននោះទេ ខណៈដែលប្រជាជនរាប់សិបម៉ឺននាក់បានរងគ្រោះរួចទៅហើយ និងប្រជាជនរាប់លាននាក់កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម ព្រមទាំងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមប្រមាណ៣០០០នាក់ ដែលមានដូចជាគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង-ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕