Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីម័រឡេស្តេ អញ្ជើញសម្ដេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុត នាពេលខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ បាននាំនូវការអញ្ជើញពីថ្នាក់ដឹកនាំ ជូនសម្ដេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណ និងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសទីម័រឡេស្តេ កន្លងមក។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងដែលលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម ចំពោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា គឺជាបុព្វសិទ្ធិ និងកិត្តិយសដ៏ធំធេង ដែលសម្ដេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក និងសហការី បានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរម្លឹកថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី លោកបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះ គឺទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ ទីម័រឡេស្តេ នៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងទីម័រឡេស្តេ។

លោកឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោ គឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោ ក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ។ លោកបានកោតសរសើរ ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយលោក បានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់បី គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផល យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កន្លងទៅ ជាពិសេស គឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួល ជាមួយប្រទេសជាសមាជិក ៩ផ្សេងទៀត នៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្ត ជាសមាជិក បន្ទាប់ពីបានដាក់សំណើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត នូវទំនាក់ទំនងវាងប្រទេសទាំងពីរ ដោយសម្ដេច បានចាត់ទុកថា យើងបានធ្វើការជាមួយគ្នា ដោយឆ្លងកាត់ការលំបាកជាច្រើន ពិសេស ក្នុងសម័យកាលកូវីដ១៩ និងបានធ្វើការជាមួយគ្នា ដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង