សៀមរាប៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងក្រុងសៀមរាប ដើម្បីពិភាក្សាជំរុញការអភិវឌ្ឍធនធានមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារនៅតំបន់អាស៊ីអាគ្នេយ៍។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដោយមានការសហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីតំណាងនៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូងក៏នឹងមានវត្តមានផងដែរ។
កិច្ចប្រជុំកំពូលនេះ នឹងរៀបចំឡើងដោយផ្តោតទៅលើការរៀបចំគោលនយោបាយ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ និងសក្តានុពលនាថ្ងៃអនាគតសម្រាប់កុមារ ដោយការផ្តល់អាហារនៅសាលារៀន ពោលគឺមានគោលបំណងផ្តល់ឲ្យកុមារនៅតំបន់អាស៊ីអាគ្នេយ៍និងតំបន់ផ្សេងៗទៀត ទទួលបានអាហារូបត្ថម្ភខ្ពស់ និងសុខភាពល្អនៅត្រឹមបំណាច់ឆ្នាំ២០៣០។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបានអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀននៅសាលាបឋមសិក្សា គោលដៅប្រមាណ២ភាគ៣ នៅសាលាបឋមសិក្សាចំនួន ១១១៤កន្លែង ជូនដល់កុមារឲ្យបាន៣០០ពាន់នាក់ នៅអំឡុងឆ្នាំ២០២៨៕