Cctimesw1140xh150cm copy

ស្ពានហាលខាងកើត«ប្រាសាទបេងមាលា»កំពុងជួសជុលឡើងវិញក្រោមមូលនិធិរបស់មេគង្គ-ឡានឆាង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។

អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលផុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ការងារជួសជុលស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។ បន្ទាប់ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជាបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង