Cctimesw1140xh150cm copy

កូនដំរីព្រៃញី ១ក្បាល ត្រូវបានជួយសង្គ្រោះនៅខេត្តមណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
កូនដំរីព្រៃញីត្រូវបានជួយសង្គ្រោះ។ ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

មណ្ឌលគិរី៖ កូនដំរីព្រៃញី ១ក្បាល ត្រូវបានជួយសង្គ្រោះក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយបានបន្តព្យាបាល និងថែទាំនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កូនដំរីព្រៃញី ១ក្បាល មានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាម ត្រូវបានជួយសង្គ្រោះក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯង ក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍បានបញ្ជាក់ថា មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ ប៉ុន្តែបន្ទាប់ពីរង់ចាំអស់រយះពេល១សបា្តហ៍មិនឃើញហ្វូងដំរីត្រឡប់មកវិញ ហើយដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំង ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសម្រេចបញ្ជូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។ មន្រ្តីក្រសួង អង្គការ និងស្ថាប័នពាក់ព័ន្ធ ប្រមាណជិត៣០នាក់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដឹកជញ្ជូននាំកូនដំរីនេះ ទៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម "ភ្នំតាម៉ៅ" ដោយបច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅទីនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង