ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៨ ខែវិច្ឆកា បានចេញជូនដំណឹងប្រជាពលរដ្ឋ ស្តីពីផ្អាកចរាចរនៅតាមកំណាត់មហាវិថីមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆកា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ។
យោងតាមសេចក្ដីថជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ មិនអនុញ្ញាតឱ្យចរាចរចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់ បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លើវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដល់ផ្លូវខាងជើងស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសចិត មហាវិថីព្រះសុរាម្រិត និងកំណាត់តីរវិថីព្រះស៊ីសុវត្ថិចាប់ពីរង្វង់សម្ដេចសង្ឃរាជ ជួន ណាត រហូត ដល់ផ្លូវលេខ១០៦។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា សម្រាប់យានយន្តដឹកអ្នកដំណើរ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ដែលឆ្លងកាត់រាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១, ផ្លូវចោមចៅ (ផ្លូវវេងស្រេង)ត្រូវចូលចតនៅទីតាំងដែលរដ្ឋបាលបានកំណត់ក្នុងសេចក្ដីជូនដំណឹង។
ជាមួយគ្នានោះ ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធពិធី នៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចចរាចរបាន ត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ៕