Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងថែទាំ និងជួសជុល«កំពែងក្រុងអង្គរធំ»គ្រោងបញ្ចប់នាចុងឆ្នាំ២០២៤ខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ គិតមកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោង នឹងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤។ មកដល់ពេលនេះ អនុវត្តបានប្រមាណជាង៧០ភាគរយ ដោយគ្រោងនិងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ៣០ភាគរយ ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភ័ណ្ឌឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង