មណ្ឌលគិរី៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កូនដំរីនេះ ត្រូវបានប្រទះឃើញនៅដាច់ពីហ្វូង ប្រហែលជិតពីសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤។
យោងតាមក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។
ក្រុមការងារជំនាញ បានឲ្យដឹងថា កូនដំរីនេះមានអាយុប្រហែល ២ឆ្នាំ និងទំងន់ប្រមាណ ៣០០គីឡូក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះ ត្រូវបានទុកអោយនៅតែឯង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរងចាំពិនិត្យមើល ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល ៤ថ្ងៃ រួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះអោយនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។
ជាមួយគ្នានោះ សម្រាប់សកម្មភាពសង្គ្រោះកូនដំរីនេះ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមសហការពី អង្គការ WCS, WWF, WA, រដ្ឋបាលព្រៃឈើ ក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋានប្រមាណជិត ៣០នាក់។ ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃមួយក្បាលនេះត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕