ភ្នំពេញ៖ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» កាលពីថ្ងៃ ១៩ និង ២០ តុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយមានការចូលរួមពីសិស្សច្រើនកុះករពីបណ្តាវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលកំពុងស្វែងរកជំនាញ និងសាកលវិទ្យាល័យ ដើម្បីបន្តថ្នាក់ឧត្តមសិក្សារបស់ខ្លួន ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤។
បើតាមលោក ហុង សុវណ្ណតារា ដែលជាប្រធានគម្រោង នៃ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» បានឱ្យដឹងថា នាថ្ងៃកម្មវិធី កាលពីថ្ងៃសៅរិ៍ ទី១៩ និង ថ្ងៃអាទិត្យ ទី២០ តុលា ឆ្នាំ២០២៤ មានវត្តមាននៃការចូលរួមពីវាគ្មិនដែលមានប្រជាប្រិយភាព និងបទពិសោធន៍ចែករំលែកនូវជីវិតការសិក្សានិងការងារ ពាក់ព័ន្ធនឹងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យដែលវាគ្មិននីមួយៗលើកយកប្រធានបទខុសៗគ្នាដើម្បីជម្រុញទឹកចិត្តនិស្សិតឱ្យជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និង មានអត្ថប្រយោជន៍សម្រាប់សិស្សក្នុងការពិចារណាមុននឹងជ្រើសរើសជំនាញរបស់ខ្លួនក្រោយបានដឹងលទ្ធផល។
“វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤” គឺជាកម្មវិធី ដែលបង្កើតឡើងក្នុងគោលបំណងជម្រុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ និងទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យទទួលបានព័ត៌មានត្រឹមត្រូវ ចំណេះដឹងគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈ និងសម្រេចចិត្តប្រកបដោយភាពជឿជាក់ទៅលើការជ្រើសរើសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់ពួកគេ ។ កម្មវិធីនេះធ្វើឡើងដោយផ្តោតលើសកម្មភាពចម្បង ពីរ ធំៗ គឺ ការតាំងពិព័រណ៍សាកលវិទ្យាល័យ ការចែករំលែងគន្លឹះជ្រើសរើសជំនាញសិក្សា ដែលសិស្សទាំងអស់អាចចូលរួមដោយសេរី និងឥតគិតថ្លៃ។
បើតាមប្រភពបានឱ្យដឹងថា កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមដាក់ស្តង់ពីសាកលវិទ្យាល័យជាច្រើនដែលមានទាំងរដ្ឋ និងឯកជនប្រមាណ ៣០ សាកលវិទ្យាល័យ និងវិទ្យាស្ថាន មានផ្តល់ព័ត៌មានសម្រាប់សិស្សក្នុងការសម្រេចចិត្ត។ អ្វីដែលពិសេសជាងនេះទៅទៀត កម្មវិធី មានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពនានាដែលជះឥទ្ធិពលការលើការត្រៀមលក្ខណៈក្នុងការសម្រេចចិត្តដូចជា ការជួបផ្ទាល់ជាមួយនឹងសំណាក់វាគ្មិនដែលមានបទពិសោធន៍ដែលផ្តោតលើប្រធានបទដូចជា “ការស្វែងរកខ្លួនឯង និងសម្របខ្លួនតាមបរិបទសង្គមការងារ” “បទពិសោធន៍ និងបច្ចេកទេស ក្នុងការប្រឡងអាហារូបករណ៍បរទេស” “ការជ្រើសរើសជំនាញ និងអាជីព ផ្អែកលើទីផ្សារការងារ” “តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលលើការជ្រើសរើសជំនាញសិក្សា”។
ជាសមិទ្ធផល ពិព័រណ៍នេះមានការចូលរួមជាសរុបពីសិស្សានុសិស្ស ដែលជាសិស្សវិទ្យាល័យប្រមាណ ជិត ៧០០០ នាក់ បើតាមលោក ហុង សុវណ្ណតារា ដែលជាប្រធានគម្រោង នៃ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា»។
គួរបញ្ជាក់ផងដែរថា «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» ត្រូវបានរៀបចំឡើងដោយក្រុមការងារស្ម័គ្រចិត្ត CAMEX ដែលមានការសហការគ្នាជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងក្រុមហ៊ុន គ្លូបល ថេឡឺន ឯ.ក ក្រោមកិច្ចគាំទ្រពីក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហគ្រិនខ្មែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាដើម៕