ឥណ្ឌា៖ ព្រឹត្តិការណ៍ ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា ដើម្បីប្រមូលផ្តុំម្ចាស់ក្រុមហ៊ុន រឺ សហគ្រាសរួមទាំងកម្ពុជា ជួបជុំពិភាក្សាការសហការជាមួយឥណ្ឌា និងអន្តរជាតិឲ្យកាន់តែប្រសើរ។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២ (The 12th Edition of the International Engineering Sourcing Show នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា។ កម្មវិធីនេះ នឹងជំរុញពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិក្នុងវិស័យ វិស្វកម្មនៅក្នុងប្រទេសឥណ្ឌា ដោយមានការតាំងពិព័រណ៍ជំនួបអាជីវកម្ម អ្នកលក់ និងអ្នកផ្គត់ផ្គង់ផលិតផលសកល និងសិក្ខាសាលាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន រឺ សហគ្រាសកម្ពុជា ដែលមានបំណងចូលរួមកម្មវិធីនេះ នឹងទទួលបាន ការស្នាក់នៅរយៈពេល ២យប់ដោយឥតគិតថ្លៃ ការប្រជុំជាមួយអ្នកតាំងពិព័រណ៍ឥណ្ឌា ការធ្វើដំណើរទៅមកពីអាកាសយានដ្ឋាន និងការអញ្ជើញចូលរួមកម្មវិធីការតភ្ជាប់បណ្តាញធុរកិច្ច។ កម្មវិធីនេះ ជាផ្លូវតភ្ជាប់បណ្តាញធុរកិច្ច ក៏សំខាន់សម្រាប់ធុរជនកម្ពុជាជាមួយធុរជនឥណ្ឌា និងអន្តរជាតិ ឲ្យកាន់តែប្រសើរ៕