ភ្នំពេញ៖ សមាគមទាយាទខ្មែរ ផ្តល់អាហារូបករណ៍សម្រាប់និស្សិតប្រុសដែលមានស្ថានភាពខ្វះខាត មកពីបណ្តាខេត្តនានា ដែលបច្ចុប្បន្នជាសិស្សឆ្នាំទី ១ ឬ ទី២ សិក្សាដោយបង់ថ្លៃ ឬ អាហារូបករណ៍ក្តី។
បើតាមគេហទំព័រហ្វេសប៊ុកនៃ សមាគមទាយាទខ្មែរ បានឱ្យដឹងថា សមាគមកំពុងតែ រៀបចំការជ្រើសរើសនិស្សិតប្រុសដើម្បីផ្តល់អាហារូបករណ៍ស្នាក់នៅនេះឡើងដោយសារតែមានបំណងចង់ជួយដល់និស្សិតដែលមានជីវភាពខ្វះខាត និងកំពុងសិក្សានៅមហាវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ឱ្យមានទីតាំងស្នាក់នៅកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ។
និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃ ៣០ វិច្ឆិកា ២០២៤ វេលាម៉ោង ៥ ល្ងាច ។ មធ្យោបាយក្នុងការដាក់ពាក្យសិស្សអាចធ្វើឡើងតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://docs.google.com/forms/d/17ty7fnvqcy8xJ3juFae-R2q2gSX7FQ1B4UUGbkqji6o/edit ។
និស្សិតត្រូវមានឯកសារដូចជា ពាក្យស្នើសុំកន្លែងស្នាក់នៅ ជីវប្រវត្តិសង្ខេប សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ស្ថានភាពគ្រួសារ ព្រមទាំងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លិខិតបញ្ជាក់ការសិក្សាឬវិក្ក័យបត្របង់ថ្លៃការសិក្សា និងរូបថតថ្មីទំហំ ៤x៦ ដោយមិនមានការពាក់វ៉ែនតា ហើយផ្ទែខាងក្រោមពណ៌ខៀវ ។ ក្នុងករណី សិស្សមានចម្ងល់អាចទាក់ទងទៅកាន់ លេខទូរស័ព្ទ: +855 97 263 9030។
គួរបញ្ជាក់ផងដែរថា សមាគមទាយាទខ្មែរមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៨២ឈ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕