ភ្នំពេញ៖ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។នេះបើយោងតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមសម្តេច វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើប្រាស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។
សម្តេច ហ៊ុន ម៉ាណែត មានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។
សម្រាប់សម្តេច ចាត់ទុក គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕