ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ ២០២៤ បានប្រកាសចេញលទ្ធផល នៅថ្ងៃទី ៣០ តុលានេះ សម្រាប់រាជធានីភ្នំពេញ និង ខេត្ដកណ្ដាល ខណៈតាមបណ្ដាខេត្ដផ្សេងៗ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣១ ខែតុលាស្អែកនេះ។ក្នុងប្រឡងនៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់សរុបចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩% ហើយសិស្សជាប់និទ្ទេស A មានចំនួន ២២១៦នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ មាន បេក្ខជនប្រឡងជាប់ សរុបចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A មានចំនួន ២២១៦ នាក់ និទ្ទេស B ចំនួន ៩៧០១ នាក់ និទ្ទេស C ២២ ៦៧៥ នាក់ និទ្ទេស D ៣៦ ៦៨៣ នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
សូមជម្រាបថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល។
ការប្រឡងនៅឆ្នាំនេះ បេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប៕