Cctimesw1140xh150cm copy

«ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» រៀបចំជាលើកទី៤ ដើម្បីសិស្សនិស្សិតជ្រើសរើសជំនាញ និងការងារ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រនៃក្រសួងអប់រំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP) ដើម្បីសិស្សអាចជ្រើសរើសជំនាញនិងសាកលវិទ្យាល័យដោយមានប្រសិទ្ធភាព តាមរយៈការជួបជាមួយនឹងស្ថាប័នអប់រំ និងសាកលវិទ្យាល័យនានា ព្រមទាំងនិស្សិតមានឱកាសស្វែងរកឱកាសការងារ និងហាត់ការផ្សេងៗ។

រូបភាព៖ លោក សុខ លាភ កំពុងបកស្រាយពីបេសកកម្មនៃ Sala Tech ក្នុងកម្មវិធីប្រកួត

បើតាមលោក សុខ លាភ ដែលជាស្ថាបនិកនៃ Sala និង «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» បានឱ្យដឹងថា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ត្រូវបានប្រព្រឹត្តជាលើកទី៤ ដោយមានការគាំទ្រនៃក្រសួងអប់រំ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សានៃយុវជនកម្ពុជា ដោយសារតែលោកបានសម្លឹងឃើញបញ្ហាប្រឈមនៃយុវជនដែលមិនមានទិន្នន័យ ឬ ការប្រឹក្សាគ្រប់គ្រាន់មុននឹងសម្រេចចិត្តជ្រើសរើសជំនាញ ឬ សាកលវិទ្យាល័យណាមួយក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

រូបភាព៖ កញ្ញា ឡុង សុគន្ធលីហ្សា ចែករំលែកបទពិសោធន៍ក្នុងពិព័រណ៍កាលពីឆ្នាំ២០២៣

បន្ថែមពីនេះទៅទៀត ការយកចិត្តទុកដាក់នឹងយុវជនផ្សារភ្ជាប់នឹងជំនាញ និងតម្រូវការទីផ្សារការងារជារឿងដែលភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យអប់រំ និងការងារ​ ត្រូវផ្តោតសំខាន់ដើម្បីឱ្យតម្រូវការនៃធនធានមនុស្ស និងជំនាញនៃយុវជនមានចំណុចប្រសព្វមួយរួមគ្នា ។ 

រូបភាព៖ សិស្សានុសិស្សយកចិត្តទុកដាក់ស្តាប់ការចែករំលែកបទពិសោធន៍ក្នុងពិព័រណ៍កាលពីឆ្នាំ២០២៣

អាស្រ័យហេតុនេះហើយ ក្រៅពីសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ និងសិស្សទើបប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» មានការរៀបចំជាស្តង់ការងារក្នុងក្តីស្រមៃ ព្រមទាំងការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារការងារចូលរួមផងដែរ ដើម្បីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានា មានឱកាសក្នុងការជួបនិងសំណេះសំណាលពីការត្រៀមលក្ខណៈឈានទៅរកការងារក្នុងក្តីស្រមៃផងដែរ។

រូបភាព៖ ផ្ទាំងរូបភាពតំណាងការផ្សព្វផ្សាយពីថ្ងៃកម្មវិធី 

កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ - University &TVET Fair 2024» នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ២២ និង២៣ វិច្ឆិកា ២០២៤ ពីវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច​ ដែលនឹងមានសកម្មភាពនានាដូចជា ការដាក់ស្តង់នៃសាកលវិទ្យាល័យរដ្ឋ និង​ឯកជននានា ស្ថាប័នធ្វើការលើវិស័យអប់រំ យុវជន និងការងារ ព្រមទាំងការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានសក្តានុពលពាក់ព័ន្ធនឹងប្រធានបទ «យុវជន និងការត្រៀមលក្ខណៈចូលសាកលវិទ្យាល័យ ឬ ការងារ» ។ អ្វីដែលពិសេសជាងនេះទៅទៀត កម្មវិធីនឹងមានការប្រកួតជជែកដេញដោលក្រោមមូលបទពាក់ព័ន្ធនឹង «យុវជន និងការអប់រំ» ដែលអនុញ្ញាតឱ្យសិស្សអាចថ្លឹងថ្លែងមុននឹងការសម្រេចចិត្តជ្រើសរើសជំនាញ និងសាកលវិទ្យាល័យផងដែរ។

រូបភាព៖ ផ្នែកខ្លះៗនៃយុវជនស្ម័គ្រចិត្តនៃពិព័រណ៍ជំនាញ កាលពីឆ្នាំ២០២៣

គួរបញ្ជាក់ផងដែរថា «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ត្រូវបានរៀបចំដំបូងឡើយកាលពីជំនាន់កូវីដ១៩ តាមរយៈអនឡាញ និងបន្តរៀបចំជារៀងរាល់ឆ្នាំរហូតមកដល់ឆ្នាំ២០២៤ កម្មវិធីនេះនៅតែបន្តសកម្មភាពដើម្បីឆ្លើយតបនឹងបេសកកម្មរបស់ខ្លួនក្នុងវិស័យអប់រំ​ ដើម្បីយុវជនអាចទទួលបានជំនាញដែលសាកសមនឹងក្តីស្រមៃរបស់ពួកគេព្រមទាំងត្រូវជាមួយនឹងទីផ្សារការងារផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង