
ចិន៖គណៈកម្មាធិការទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានពិនិត្យពិភាក្សាបញ្ហាសិទ្ធិមនុស្សនាថ្ងៃទី ៦ ខែតុលាថា មានប្រទេសមួយចំនួនតិចក្នុងនោះមាន៖ អាមេរិក អាល្លឺមង់ និងអង់គ្លេសជាដើម បានលាបពណ៌ប្រទេសចិន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនដោយចេតនាអាក្រក់។
លោកចាំង ជុន តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានបរិហាយ៉ាងម៉ឺងម៉ាត់នៅនឹងកន្លែង ប្រឆាំងជាដាច់ខាតនិងបដិសេធទាំងស្រុង ចំពោះការថ្កោលទោសមិនពិតរបស់ប្រទេសទាំងនេះ ។ មានប្រទេសជិត ៧០ បានយល់ស្របនឹងគោលជំហររបស់ភាគីចិន ។
បណ្តាភាគីនានាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងការបង្រួបបង្រួមនៃប្រទេសជាតិ ដោយបានវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សនៃប្រទេសចិន ប្រឆាំងយកបញ្ហាសិទ្ធិមនុស្សភ្ជាប់នឹងនយោបាយ ប្រឆាំងស្តង់ដារពីរ ហើយប្រឆាំងការបដិបក្ខផ្នែកនយោបាយ ។ ក្នុងសន្និសិទមានសំឡេងគាំទ្រប្រទេសចិនយ៉ាងខ្លាំង បានជាធ្វើឱ្យការប៉ុនប៉ងរបស់ប្រទេសមួយក្តាប់តូច មានអាមេរិកជាដើមដែលចង់លាបពណ៌សភាពការណ៍សិទ្ធិមនុស្សចិនត្រូវបរាជ័យម្តងទៀត ។
លោកចាំងជុនបានថ្លែងថា ប្រទេសទាំងនេះឆ្លៀតប្រើបញ្ហាសិទ្ធិមនុស្សជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង វាមិនត្រូវបានគេគាំទ្រទេ ។ លោកចាំងជុនបានគូសបញ្ជាក់ថា សិទ្ធិមនុស្សមិនមែនជាសិទ្ធិពិសេសរបស់មនុស្សភាគតិចនោះទេ កាន់តែមិនមែនជាឧបករណ៍នយោបាយទៅទៀត ។ ការការពារសិទ្ធិមនុស្សមិនមែនមានតែរូបមន្តលោកខាងលិចនោះទេ បណ្តាប្រទេសនានាមានសិទ្ធិជ្រើសរើសផ្លូវសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនដោយម្ចាស់ការ ៕អត្ថបទ៖ Cri ccfr