សៀមរាប៖ នាយិកាទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាម៉េរិក (USAID) អ្នកស្រី Samantha Power បានមកដល់ទីក្រុងសៀមរាប ប្រទេសកម្ពុជា។ អ្នកស្រីនាយិកាបានកោតសរសើរការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ របស់ដៃគូខាងកម្ពុជា អ្នកធ្វើការផ្នែកសង្គមកិច្ច និងគ្រួសារចិញ្ចឹម ដែលគាំទ្រការការពារកុមារនៅកម្ពុជា។ អ្នកស្រីបានពិភាក្សាអំពីវិធីដែល USAID អាចធ្វើបាន ដើម្បីបន្តគាំទ្រ និងការពារសិទ្ធិ និងការចូលរួមរបស់មនុស្សដែលមានពិការភាពនៅកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងសៀមរាប ដំបូងអ្នកស្រីបានទៅជួបគ្រួសារខ្មែរមួយ ដែលកំពុងទទួលជំនួយតាមរយៈ USAID ក្នុងការថែទាំកុមារអាយុ ១១ ខែម្នាក់ ដែលមានពិការភាព។ អ្នកសម្របសម្រួលករបស់គ្រួសារនេះ និងដៃគូ USAID ដែលគាំទ្រអ្នកពិការ និងការថែទាំនៅតាមគ្រួសារក៏បានចូលរួមផងដែរ។
បន្ទាប់មក អ្នកស្រី Power បានធ្វើដំណើរទៅវត្តស្វាយធំ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការគាំទ្រដៃគូក្នុងស្រុក ក្នុងការផ្តល់ដំណោះស្រាយថ្មីៗសម្រាប់ត្រួតពិនិត្យ និងកំណត់រោគវិនិច្ឆ័យលើជំងឺរបេង។ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីនៃប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់ របស់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ ២០២១ ក៏ដោយ ក៏កម្ពុជានៅតែមានក្នុងបញ្ជីតាមដានជំងឺរបេងពិភពលោក និងបានជួបការរអាក់រអួលក្នុងការរុករកករណីជំងឺរបេងក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-19 ដែរ។
អ្នកស្រីថែមទាំងបានប្រកាសអំពីការផ្តល់មូលនិធិដ៏ធំបំផុតមួយដោយផ្ទាល់របស់ USAID ដល់អង្គការក្នុងស្រុកមួយនៅកម្ពុជា ដែលតាមរយៈមូលនិធិនេះ USAID នឹងបន្តគាំទ្រគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺរបេងមិនឲ្យបង្កជាហានិភ័យដល់សុខភាពនៅត្រឹមឆ្នាំ ២០៣០។
បន្ទាប់មកទៀត អ្នកស្រី Power បានជួបជាមួយសមាជិកសហជីព និងសកម្មជនការងារ ដែលធ្វើការនៅប្រាសាទអង្គរវត្ត ដែលជាទីតាំងបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីលក្ខខណ្ឌការងារ និងបញ្ហាសិទ្ធិការងារដ៏សំខាន់ៗផ្សេងទៀត និងរបៀបដែលការគាំទ្ររបស់ USAID ជួយសហជីពទេសចរណ៍ និងសហជីពផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាទាំងនេះ។
អ្នកស្រី Power បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់រដ្ឋបាលលោកប្រធានាធិបតី Biden ចំពោះសិទ្ធិការងារ ដូចជាការគាំទ្រតាមរយៈអនុស្សារណៈប្រធានាធិបតីឆ្នាំ ២០២៣ ស្តីពីការលើកកម្ពស់ការផ្តល់លទ្ធភាពដល់កម្មករ សិទ្ធិមនុស្សទូទៅ សិទ្ធិការងារ និងស្តង់ដារការងារខ្ពស់ នៅទូទាំងពិភពលោក។ USAID បានគាំទ្រចលនាសហជីពនៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយអ្នកស្រីនាយិកា Power បានពិភាក្សាជាមួយសមាជិកសហជីព និងសកម្មជន អំពីការប្តេជ្ញាចិត្តជាបន្តរបស់ USAID ក្នុងការធ្វើការជាមួយអង្គការកម្មករខ្មែរ ៕