វៀតណាម៖ រដ្ឋសភាវៀតណាមនៅល្ងាចថៃច័ន្ទបានបោះឆ្នោតជ្រើសរើសលោក Luong Cuong សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ត និងយោធាផ្កាយ៤ជាប្រធានាធិបតីថ្មីវៀតណាមក្នុងអាណត្តិ ២០២១-២០២៦ ជំនួសតំណែងលោក TO LAM ដែលលោកក្លាយជាអគ្គលេខបក្សកុម្មុយនិស្តវៀតណាមវិញ។ លោកឧត្តមសេនីយ Cuong ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងនេះដោយសំឡេង១០០%នៃសំឡេងឆ្នោត៤៤០ពីសមាជិករដ្ឋសភា។
ថ្លែងក្នុងពិធីស្បថចូលកាន់តំណែង លោកបានមានប្រសាសន៍ថាខ្ញុំ លោក Luong Cuong ប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សូមស្បថយ៉ាងឱឡារិកថា នឹងរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូនខ្ញុំ។
លោក Cuong វ័យ ៦៧ឆ្នាំ មកពីខេត្ត Phu Tho ភាគខាងជើង គឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិទី ១១-១៣ ជាលេខាគណៈកម្មាធិការមជ្ឈិមបក្សទី ១២ និងជាសមាជិកការិយាល័យនយោបាយទី ១៣។ លោកបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៥ ហើយបានបម្រើការងារជាច្រើនឆ្នាំនៅយោធភូមិភាគទី២។ លោកក៏ធ្លាប់បានបម្រើការជាស្នងការនយោបាយនៃកងយោធពលខេមរភូមិន្ទទី២ ស្នងការនយោបាយយោធភូមិភាគទី៣។ នៅឆ្នាំ២០១១ លោកបានកាន់តំណែងជាអនុប្រធាននាយកដ្ឋាននយោបាយនៃអគ្គ កងទ័ពប្រជាជនវៀតណាម និង៥ឆ្នាំក្រោយមកបានក្លាយជាប្រធានអគ្គនាយកដ្ឋាននយោបាយ។
តួនាទីលោកជាប្រធានាធិបតីមានភារកិច្ច និងអំណាចដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ដូចជា៖ ប្រកាសរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិ។ ស្នើទៅរដ្ឋសភាដើម្បីជ្រើសរើស ដកពីតួនាទី និងបណ្តេញអនុប្រធាន និងនាយករដ្ឋមន្ត្រីណាដែលធ្វើខុសច្បាប់។
គួរបញ្ជាក់ថាជិត២ឆ្នាំប៉ុណ្ណោះវៀតណាមមានការផ្លាស់ប្តូរប្រធានាធីបតីដល់ទៅ ៣រូប ដោយក្នុងនោះមានលោក Nguyen Xuan Phuc ត្រូវបានសភាជ្រើសធ្វើជាប្រធានាធិបតីជំនួសលោក Nguyễn Phú Trọng នៅខែមេសា ឆ្នាំ២០២១។ ក្រោយមកនៅខែមីនា ឆ្នាំ ២០២៣ លោក Vo Van Thuong បានកាន់តំណែងបន្តពូលោកបានត្រឹមមួយឆ្នាំ ហើយនៅខែឧសភា ឆ្នាំ២០២៤ លោក TO LAM ក៏បានក្លាយជាប្រធានាធីបតីវៀតណាម ហើយក៏កាន់តំណែងជាអគ្គលេខាបក្ស។ ពេលនេះ លោក Luong Cuong នឹងកាន់តំណែងប្រធានាធិបតីជំនួសលោក តូ ឡិម ការឡើងកាន់តំណែងថ្មីរបស់លោកនេះត្រូវបានអ្នកជំនាញមើលឃើញថានយោបាយវៀតណាមអាចនិងមានការប្រែប្រួលក្បាលម៉ាស៊ីនដឹកនាំបន្តទៀត៕