ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការបញ្ជូនទាហានកូរ៉េខាងជើងប្រមាណជាង ១ម៉ឺននាក់ទៅជួយប្រទេសរុស្ស៊ីក្នុងការបន្តច្បាំងជាមួយនិងទាហានអ៊ុយក្រែន ដែលការបញ្ចូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះបានធ្វើឲ្យស្ថានការណ៍ពិភពលោកកាន់តែប្រែប្រួលជាខ្លាំងមិនធ្លាប់កើតមានចាប់តាំងពីសង្រ្គាមលោកលើកទី២បានបិតបញ្ចប់។ តាមរយៈវីដេអូគិញសម្ងាត់បានបង្ហាញវត្តមានទាហានកូរ៉េខាងជើង ១៥០០នាក់ កំពុងតែផ្លាស់ប្តូរសម្លៀកបំពាក់ទាហានរុស្ស៊ី និងធ្វើដំណើរទៅកាន់ទីប្រយុទ្ធ។
តាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រទេសកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានចំនួន ១០,០០០ នាក់ដែលសុទ្ធសឹងតែជាទាហានជំនាញៗខ្លាំងចូលរួមសង្គ្រាមជាមួយនិងប្រទេសរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមប្រភពគិញសម្ងាត់របស់សហរដ្ឋអាម៉េរិកបានប្រាប់ទៅកាន់មេដឹកនាំអ៊ុយក្រែន លោក Zelensky បានចាត់ទុកការសម្រេចចិត្តរបស់កូរ៉េខាងជើងជាការគិតខុស និងជាការចូលរួមសង្រ្គាមផ្ទាល់ជាមួយនិងប្រទេសអ៊ុយក្រែន។
សម្រាប់លោកលោកប្រធានាធិបតី Zelensky រុស្ស៊ីកំពុងរៀបចំផែនការហ្វឹកហាត់ និងចូលរួមមិនត្រឹមតែទាហានថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកឯកទេសកូរ៉េខាងជើងនៅក្នុងផ្នែកសំខាន់ៗជាច្រើននៃយោធាផងដែរ។ លោកបានបន្ថែមថា៖ «យើងដឹងថាមានទាហានប្រហែល ១ ម៉ឺននាក់មកពីកូរ៉េខាងជើងពួកគេកំពុងរៀបចំបញ្ជូនទៅប្រយុទ្ធនឹងយើង» ការចូលរួមសង្រ្គាមរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី និងអ៊ុយក្រែនកំពុងតែធ្វើការពិភពលោកដើរដល់មាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។
លោក Zelensky បញ្ជាក់ទៀតថាយោធាកូរ៉េខាងជើងមួយចំនួនបានស្ថិតនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែនរួចហើយ ហើយបានចូលរួមជាមួយកងទ័ពរុស្ស៊ីច្បាំងជាមួយនិងអ៊ុយក្រែន ការឈានជើងចូលប្រឡូកសង្រ្គាមជាមួយអ៊ុយក្រែនគឺជាដំណាក់កាលដំបូលនៃសង្រ្គាមសកល លោកបានអំពាវនាវឲ្យលោកខាងលិចបន្តជួយអ៊ុយក្រែន និងធ្វើការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើង និងរុស្ស៊ី៕