ភ្នំពេញ៖គិតត្រឹមថ្ងៃទី ២០ តុលា ឆ្នាំ២០២៤នេះ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានការចូលរួមពីប្រជាពលរដ្ឋសម្រាប់វិភាគទានដោយស្ម័គ្រចិត្តចំនួនប្រមាណជិត ៧០ ម៉ឺននាក់ និងទទួលបានថវិកាសរុបជាង២៦លានដុល្លារអាម៉េរិក។ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ ។
យោងតាមសេចក្តីជូនដំណឹងពី ខុទ្ធកាល័យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ តុលានេះ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានការចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុសសម្រាប់វិភាគទានដោយស្ម័គ្រចិត្តចំនួនប្រមាណជិត ៧០ ម៉ឺននាក់ និង ទទួលបានថវិកាសរុបជាង ២៦,៣៣២,៨៨៣.០០។វិភាគទានដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការសាងផ្លូវក្រវ៉ាត់ព្រំដែន។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងសារពិសេស កាលថ្ងៃទី ២៣ កញ្ញាថា បើទោះបីរាជរដ្ឋាភិបាលបញ្ចប់ «កិច្ចសហប្រតិបត្តិការCLV-DTA» ជាមួយឡាវ និង វៀតណាម ចាប់ពីថ្ងៃ ២០ កញ្ញា ឆ្នាំ២០២៤ ក្តី ការអភិវឌ្ឍនៅខេត្តតាមព្រំដែន និង ការបោះបង្គោលជាមួយប្រទេសជិតខាង នៅតែបន្តគ្មានឈប់នោះទេ។សម្រាប់សម្តេច បច្ចុប្បន្នផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ ១៩៩៤ នឹងទទួលបានប្រវែងជាង ១៣០០គីឡូម៉ែត្រ នៅសល់ប្រមាណ១៣០០គីឡូម៉ែត្របន្ថែមទៀតដែលត្រូវការថវិកាធ្វើបន្ត។
ទាក់ទងនឹង"មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន"រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ការបើកនេះ ដោយសម្តេច មើលឃើញថា ប្រជាពលរដ្ឋនៅតែចូលរួមបន្ត ហើយនៅពេលបិទបញ្ចប់រាជរដ្ឋាភិបាលនឹងរាយការណ៍ជូនពីថវិកា និង អ្នកចូលរួម ក៏ដូចជាផែនការអភិវឌ្ឍលម្អិតពាក់ព័ន្ធអភិវឌ្ឍតាមព្រំដែននៃប្រទេសទាំង៣ គឺ វៀតណាម ឡាវ និង ថៃ។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ កញ្ញា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
កម្ពុជាបន្តអភិវឌ្ឍលើទឹកដីកម្ពុជា ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រុមជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និង ចេះដកអាវុធចេញពីដៃសត្រូវ៕