
ភ្នំពេញ៖ យុវជន នារីបញ្ចយុទ្ធ និង Gen Z’s Genius នឹងប្រកួតគ្នាជជែកដេញដោលនៅថ្ងៃទី ២០ តុលា ២០២៤ នៅ Himawari ពីប្រធានបទ «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ»។
បើតាមគេហទំព័រនៃ ទស្សនៈយុវជន បានឱ្យដឹងថា យុវជនពីរក្រុមបានជាប់ជ័យលាភីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺ នារីបញ្ចយុទ្ធ និង Gen Z’s Genius ដែលបានប្រកួតជាមួយនឹងក្រុមឃ្មុំមាលា និងស្រមោចក្រហមកាលពីថ្ងៃ២៩ កញ្ញា កន្លងផុតទៅ។

ក្រុមទាំងពីរបានឆ្លងកាត់វគ្គបណ្តុះបណ្តាលការជជែកដេញដោល ក៏ដូចជាការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ ស្រ្តី និងផ្នត់គំនិតយេនឌ័រសតវត្សទី២១ ដែលត្រូវបានរៀបចំដោយ NGO-CEDAW និង RULErs ដោយមានការចូលរួមចែករំលែកពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យជជែកដេញដោលផ្ទាល់ដើម្បីឱ្យបេក្ខជនមានសមត្ថភាពទាំងក្នុងការជជែកដេញដោល និងប្រធានបទ ដែលនាំឱ្យការជជែក និងការប្រកួតរបស់ពួកគេពោរពេញទៅដោយខ្លឹមសារអត្ថន័យ ព្រមទាំងសមត្ថភាពមកទាំងព្រមផងដែរ។

ក្រោយការប្រកួតឈ្នះ និងត្រៀមខ្លួនអស់រយៈពេលប្រមាណ៣សប្តាហ៍ ក្រុម នារីបញ្ចយុទ្ធ និងក្រុម Gen Z’s Genius នឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលនឹងជជែកពីប្រធានបទដែលបានលើកឡើងថា «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ»នៅថ្ងៃទី ២០ តុលា ២០២៤ វេលាម៉ោង ១:00 រសៀល នៅសណ្ឋាគារ Himawari ដែលនឹងបើកអនុញ្ញាតឱ្យសាធារណៈជនចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់៖ https://forms.gle/9HMDPs3ALKzVvxYRA ។
នៅវគ្គផ្តាច់ព្រ័ត្រ នេះបេក្ខជនដែលបានជ័យលាភី នឹងទទួលបានកាដូលើកទឹកចិត្ត និងលិខិតបញ្ជាក់ពីការចូលរួមប្រកួត ដែលនឹងមានវត្តមានបេក្ខជនទាំងអស់ក្នុងទស្សនៈយុវជន និងអ្នកចូលរួមដែលមានបំណងក្នុងការចូលរួមគាំទ្រយុវជនក្នុងការជជែកដេញដោលពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងមានការចូលរួមវាយតម្លៃដោយគណៈកម្មការដែលមានជំនាញក្នុងការជជែកដេញដោលព្រមទាំងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសមភាពយេនឌ័រដែលមាន អ្នកស្រី ផាន់ គីមហុង ជានាយិកានៃមជ្ឈមណ្ឌលភាសាអេអាយអាយ , លោក សុគន្ធ សុខា ដែលជានាយកមកពីសាលាបង្រៀនគួរគុណវឌ្ឍន៍ និង ពេជ្រ ភារក្ស ដែលមកពីអង្គការក្លាហាន។

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៤ហើយដែលគម្រោងជជែកដេញដោល ទស្សនៈយុវជន ត្រូវបានរៀបចំឡើង ដោយ NGO-CEDAW និង RULErs ក្នុងគោលបំណងបង្វឹកសិស្សនិស្សិតពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ ដែលចុងក្រោយ បេក្ខជននឹងបង្ហាញវត្តមានក្នុងការប្រកួតនៅលើឆាកចំនួនពីរលើកដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ ១ និងលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ៕