
ភ្នំពេញ៖ កម្មវិធី វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤ ដែលនឹងរៀបចំឡើងនាថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។
“វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤” គឺជាកម្មវិធី ដែលបង្កើតឡើងក្នុងគោលបំណងជម្រុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ និងទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យទទួលបានព័ត៌មានត្រឹមត្រូវ ចំណេះដឹងគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈ និងសម្រេចចិត្តប្រកបដោយភាពជឿជាក់ទៅលើការជ្រើសរើសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់ពួកគេ ។

លើសពីនេះទៅទៀត កម្មវិធីនឹងមានការចែករំលែកនូវគន្លឹះក្នុងការជ្រើសរើសមុខជំនាញដើម្បីប្រកបការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន ព្រមទាំងបទពិសោធន៍ក្នុងការជ្រើសរើសមុខជំនាញសិក្សាថ្នាក់មហាវិទ្យាល័យ និងការសិក្សាអប់រំពេញមួយជីវិត ពីសំណាក់វាគ្មិនកិត្តិយសក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេស រួមទាំងបុគ្គលល្បីៗនៅក្នុងសង្គមជាច្រើនរូប ។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធី វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤ ទទួលបានការគាំទ្រនិងចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាកលវិទ្យាល័យល្បីៗ ទាំងរដ្ឋ និងឯកជនដូចជា សាកលវិទ្យាល័យអន្តរជាតិឌូវី វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ សាកលវិទ្យាល័យផារ៉ាហ្កន សាកលវិទ្យាល័យលីមកុកវីង វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងដៃគូសហការផ្សេងៗ ប្រមាណជាង ៣០ សាកលវិទ្យាល័យ៕
