
ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបំរាមហាមចំពោះមន្ដ្រីនគរបាលរូបណាមានក្បាលពោះធំ គឺហាមមិនឲ្យចេញទៅបំពេញ ការងារនៅខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ជាពិសេស តំបន់ទេសចរណ៍ ហើយត្រូវតម្រូវបំពេញការងារ នៅក្នុងការិយាល័យវិញ។ជាចំណាត់ការ ដោយអះអាងថា យកចិត្តទុកដាក់រៀបចំកងកម្លាំងដែលមានក្បាលពោះធំជ្រុល ដោយជំរុញឱ្យខិតខំធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។
តាមរយៈសារជាសំឡេងជូនដល់មន្ត្រីក្រោមឱវាទ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកសារជាថ្មី ស្នើសុំនគរបាលមានមាឌធំ ដុសក្បាលពោះ ហាមដាច់ខាត កុំឲ្យចេញទៅអនុវត្តកិច្ចការងារ ជាពិសេស ទៅលើការ ប៉ះពាល់ជាមួយមហាជន។
លោក រ៉េន រតនៈ ជំនួយការ និង ជាអ្នកនាំពាក្យ លោក ស សុខា បានប្រាប់ស៊ីស៊ីថាមស៍ថា កងកម្លាំងចេញប្រតិបត្តិការអនុវត្តច្បាប់នានា ត្រូវតែមានកាយសម្បទាមាំមួន មិនស្គមពេក មិនធាត់ពេក ពិសេស មិនគួរធាត់មានក្បាលពោះធំហួស ដែលនាំឱ្យមានការលំបាកពេលបំពេញការងារ ដូចជាបាត់ភាពរហ័សរហួន និង ឆាប់ហត់ជាដើម។
បើតាមលោក រតនៈ កងកម្លាំងដែលធាត់ហួសមានសុខភាពមិនសូវល្អ ប្រឈមនិងហានិភ័យគ្រប់ពេលវរលា។ម្លោះហើយបានជា លោក ស សុខា ណែនាំដល់អគ្គស្នងការនគរបាលជាតិ និង ស្នងការដ្ឋាននគរបាលរាជធានីខេត្ត យកចិត្តទុកដាក់រៀបចំកងកម្លាំងដែលមានក្បាលពោះធំជ្រុលនេះឱ្យបំពេញការងារនៅខាងក្នុងការិយាល័យ ដោយជំរុញឱ្យខិតខំធ្វើលំហាត់ប្រាណ ពោលគឺបើចង់ចេញបំពេញការងារខាងក្រៅ ត្រូវតែហាត់ប្រាណដើម្បីធានាភាពមាំទាំ សុខភាពល្អ និង បញ្ចៀសការរិះគន់ទាំងឡាយ។