
កណ្តាល៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឺងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅមុខសួនច្បារក្រុងតាខ្មៅ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។

លោកអភិបាលខេត្ត បានណែនាំចំពោះចំណុះទូក ដូច្នេះ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។ លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។

គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់៕
