ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់«ថវិកាសិក្សាដោយមិនគិតការប្រាក់» សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សក្នុងការបន្តការសិក្សា។
យោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់ថាក្រសួងនឹងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skill Development Program) ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ ដោយផ្តល់ជូនរហូតដល់ ៣០០០កន្លែង សម្រាប់សិស្សនិសិ្សតដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦កន្លែង រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U) ។
បេក្ខជនជ័យលាភី នឹងទទួលបានថវិកាដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់បរិញ្ញាបត្រ (មិនមែនអាហារូបករណ៍) រួមទាំងកុំព្យូទ័រយួរដៃ ១គ្រឿង និងថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ) ព្រមទាំងឱកាសការងារល្អផងដែរ។ យ៉ាងណាមិញ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ រួមទាំងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទេ្ទសរួម A B ឬ C ព្រមទាំងត្រូវឆ្លងកាត់ការប្រឡង និងការសម្ភាសន៍ផងដែរ។ បន្ថែមពីនេះ បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារីត្រូវបានលើកទឹកចិត្ត៕