ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល(ពីរសែនរៀល)នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។លក្ខណៈទូទៅរបស់ក្រដាសថ្មីនេះ ទំហំធនប័ត្រ៖ បណ្ដោយ ១៧០មម ទទឹង ៧៦មម និង ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និង ពណ៌ផ្កាឈូក។
ផ្ទៃខាងមុខ ផ្នែកកណ្តាលនៃក្រដាសប្រាក់នេះ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ « ពីរសែនរៀល » នៅខាងក្រោម។ ចំពោះ ខាងឆ្វេងមានលេខ «២០០០០០» នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។
រីឯ ផ្នែកខាងស្តាំ ខាងលើមានអក្សរ «ធនាគារជាតិ នៃកម្ពុជា» ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខៅ្មពណ៌ក្រហមនិងនៅពីក្រោម នោះមានលេខ « ២០០០០០ » និង «២០០០០០» និង មានអក្សរ « អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ » នៅគែមខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ « ២០០០០០»។ ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា និង មានលេខ 200000 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
ផ្ទៃខាងខ្នង ដោយផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ « ពីរសែនរៀល » ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ « ធនាគារជាតិ នៃកម្ពុជា» និងអក្សរ « NATIONAL BANK OF CAMBODIA »។ ខិតមកក្រោមមានចារឹកអក្សរ « អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤ ) « ព្រមទាំងលេខ «2024»នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ « ២០០០០០»៕