សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។
បុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។ រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។
ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។ ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។
ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។
សូមបញ្ជាក់ថា នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។ នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ៕