681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាត្រៀមរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានត្រៀមរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២កន្លងទៅ ។

យោងតាមសេចក្ដីណែនាំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានឲ្យដឹងថា ឆ្នាំនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍន៍លើគ្រប់វិស័យ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានណែនាំដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវធ្វើការរៀបចំព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយមានតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក ឱ្យបានសមរម្យ តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្ត្រ ឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន។

គួរបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម »ព្រះបរមរតនកោដ្ឋ»៕


Khcct banner

អត្ថបទទាក់ទង