អាម៉េរិក៖ អាម៉េរិកដែលប្រទេសមហាអំណាចពិភពលោក កាលពីថ្ងៃទី ១៣ តុលា ម្សិលមិញ បានប្រកាសផ្តល់ជំនួយប្រព័ន្ធការពារកាំជ្រួចកម្រិតខ្ពស់ និង ទាហានអាម៉េរិក ១០០នាក់ ទៅកាន់ប្រទេសអ៉ីស្រាអែល ដើម្បីប្រតិបត្តិការសង្គ្រាមវាតទី នៅតំបន់មជ្ឈិមបូព៌ា។ជំនួយរបស់អាម៉េរិកទៅកាន់អ៉ីស្រាអែលនេះ បង្ហាញកាន់តែច្បាស់ថាមហាអំណាចអាម៉េរិកលូកដៃកាន់តែជ្រៅនៅសង្គ្រាមមជ្ឈិមបូព៌ា។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បញ្ជូនប្រព័ន្ធការពារ Terminal High Altitude Area Defense ឬ THAAD និង ក្រុមនាវិករបស់ខ្លួន ១០០នាក់ ទៅជួយប្រទេសអ៉ីស្រាអែល។ប្រព័ន្ធកាំជ្រួចនេះ ជាប្រព័ន្ធស្ទាក់ចាប់ពីដីដែលរចនាឡើង ដើម្បីការពារប្រឆាំងនឹងកាំជ្រួចផ្លោង។
ជំនួយរបស់អាម៉េរិកនេះ គឺកើតឡើងបន្ទាប់ពីប្រទេសអ៉ឺរ៉ង់ បានបាញ់គ្រប់មីស៊ីលប្រមាណជិត២០០គ្រាប់ ផ្លោងទៅកាន់ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី ១ តុលា បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុង Beirut បានសម្លាប់មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិក VOA ប្រធានាធិបតីអាម៉េរិក លោក Biden បាននិយាយតែថា លោកបានបញ្ជាឲ្យមន្ទីរបញ្ចកោណដាក់ពង្រាយប្រព័ន្ធនេះ ដើម្បីការពារអ៉ីស្រាអែល ហើយលោកបៃឌិត បានបដិសេធមិនឆ្លើយសំណួរពីក្រុមអ្នកសារព័ត៌មាន លើបញ្ហាផ្តល់ជំនួយដល់អ៉ីស្រាអែលនេះ។
ជំនួយរបស់អាម៉េរិកដល់អ៉ីស្រាអែលនេះ គឺជាជំនួយដ៏ច្រើនបន្ថែមទៀត ខណៈកន្លងទៅអាម៉េរិកដែលគេស្គាល់ថាជាបងធំរបស់អ៉ីស្រាអែល បានចំណាយថវិការាប់ពាន់លានដុល្លារជួយអ៉ីស្រាអែលសម្រាប់ធ្វើសង្គ្រាមវាតទីនៅមជ្ឈិមបូព៌ា ហើយសកម្មភាពនេះ កំពុងរងការថ្កោលទោសខ្លាំងពីសហគមអន្តរជាតិ។
ប្រទេស ៤០ ដែលមានទាហានបម្រើការក្នុងជួរកងកម្លាំងមួកខៀវ នៅប៉ែកខាងត្បូងលីបង់ បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃសៅរ៍ “ថ្កោលទោសយ៉ាងខ្លាំងក្លា” ចំពោះការវាយប្រហារកាលពីពេលថ្មីៗនេះ ពីសំណាក់កងទ័ពអ៉ីស្រាអែល ទៅលើទីតាំងកងកម្លាំងមួកខៀវនៅខាងត្បូងលីបង់។ បណ្តាប្រទេសទាំងនេះក៏បានទាមទារផងដែរឲ្យអ៉ីស្រាអែលបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និង ទាមទារឲ្យបើកការស៊ើបអង្កេតលើករណីនេះ។ កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ រួមជាមួយប្រទេសផ្សេងទៀត ជាអាទិ៍ បារាំង, អង់គ្លេស, អាល្លឺម៉ង់, ឥណ្ឌា, អេស្ប៉ាញ៕