
អាម៉េរិក៖ ប្រធានាធិបតី ដូណាល់ត្រាំ បានព្រមានថាសហរដ្ឋអាម៉េរិកនឹងដាក់ពន្ធបន្ថែម ៥០% លើការនាំចូលទំនិញរបស់ចិន ប្រសិនបើចិនមិនដកពន្ធសងសឹក ៣៤% របស់ខ្លួនដែលទើបនឹងអនុវត្តចេញគំហិតត្រឹមថ្ងៃទី ៨ ខែមេសា។ ការព្រមានរបស់ត្រាំនេះធ្វើឡើងក្រោយពីប្រទេសចិនបានប្រកាសតម្លើងពន្ធលើទំនិញអាម៉េរិកបន្ថែម ៣៤ភាគរយក្រោយពីដូណាល់ត្រាំប្រកាសយកពន្ធពីទំនិញចិនសរុបដល់ទៅ ៥៤ភាគរយ។

ជាការឆ្លើយតបទៅនឹងការព្រមានថ្មីរបស់អាម៉េរិកក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដោយបញ្ជាក់ថា "ការគំរាមកំហែងរបស់សហរដ្ឋអាម៉េរិកក្នុងការដំឡើងពន្ធលើប្រទេសចិនគឺជាកំហុសជាថ្មីម្តងទៀតបានលាតត្រដាងពីលក្ខណៈនៃចរិកពិតរបស់អាម៉េរិក។ប្រទេសចិននឹង តស៊ូប្រយុទ្ធដល់ទីបញ្ចប់ប្រសិនបើសហរដ្ឋអាម៉េរិកបន្តដំណើរក្នុងការតម្លើងពន្ធលើប្រទេសចិនបែបនេះ។

មន្ត្រីចិនបានព្រមានទៀតថាប្រសិនបើសហរដ្ឋអាម៉េរិកបង្កើនវិធានការពន្ធគយរបស់ខ្លួនថែមទៀតលើចិន នោះចិនក៏នឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។
គួរបញ្ជាក់ថាភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយជាង ៨.៥ ពាន់ពាន់លានដុល្លារបានលុបចោលក្នុងទីផ្សារភាគហ៊ុនចាប់តាំងពីការប្រកាសពន្ធដំបូងៗរបស់លោកដូណាល់ត្រាំ។ សេដ្ឋវិទូព្រមានថាវិធានការកើនឡើងទាំងនេះអាចបង្កើនលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ច ដោយសារស្ថាប័នហិរញ្ញវត្ថុធំៗអាចនឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដល់ ៦០%៕