ភ្នំពេញ៖ សម្តេច ហ៊ុន សែន ផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យចំនួន៦ លើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់យុវជន យុវនារី ដែលមានបំណង និងមានចំណាប់អារម្មណ៍លើជំនាញនេះ ដើម្បីជួយជំរុញការអភិវឌ្ឍសេដកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
យោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចាក់ថា សម្តេច ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាល័យចំនួន៦ ក្នុងកម្មវិធីជ្រើសរើសអាហារូបករណ៍ទេពកោស្យឌីជីថលតេជោ (Techo Digital Talent Scholarship) ដែលផ្តល់ឱកាសដល់យុវជន យុវនារីឆ្នើមដែលមានចំណាប់អារម្មណ៍លើជំនាញបច្ចេកវិទ្យាឌីជីថល។ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់ជូននៅសាកលវិទ្យាល័យ ដូចជា៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០កន្លែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០កន្លែង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០កន្លែង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន២០កន្លែង សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០កន្លែង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ២០០កន្លែង។
ការជ្រើសរើសនេះ ត្រូវតែជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដែលមាននិទេ្ទសរួម A B ឬ C ដោយឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ដែលការប្រឡងនេះធ្វើឡើងចំនួន ២ដង តាមរយៈប្រព័ន្ធកុំព្យូទ័រ និងការសម្ភាសន៍ផ្ទាល់មាត់។ បន្ថែមពីនេះ រាល់សិស្សដែលមានជីវភាពក្រីក្រ រស់នៅដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីនឹងត្រូវបានលើកទឹកចិត្ត។
សូមបញ្ជាក់ផងថា និស្សិតជ័យលាភីនឹងទទួលបាននូវ កុំព្យូទ័រយួរដៃ ១គ្រឿង រួមទាំងការរ៉ាប់រងថ្លៃសិក្សា១០០% រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃចាប់ពី ៣១០០-២៤៧០០ដុល្លារ ព្រមទាំងទទួលបានឱកាសការងារក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។ ការជ្រើសរើសចុះឈ្មោះប្រឡង នឹងចាប់ដំណើរការរហូតដល់ថ្ងៃទី ២២ ខែវិច្ជកា ឆ្នាំ២០២៤៕