ជប៉ុន៖ អ្នកបញ្ចូលសំឡេងជនជាតិជប៉ុន លោកស្រី Nobuyo Oyama ដែលល្បីល្បាញខាងបញ្ចូលសំឡេងតុក្កតា Doraemon បានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអាយុ៩០ឆ្នាំ ដោយសារជំងឺ។ ការបាត់បង់របស់លោកស្រីជាការបាត់បង់ធនធានដ៏ល្អវិសេសរបស់ប្រទេសជប៉ុន អ្នកគាំទ្រលោកស្រីជាច្រើនបាននាំគ្នាសម្តែងការសោកស្តាយជាខ្លាំង។
លោកស្រី Nobuyo Oyama កើតនៅឆ្នាំ១៩៣៣ នៅទីក្រុងតូក្យូ ហើយជាសិល្បការិនីបញ្ចូលសំឡេងដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសជប៉ុន។ លោកស្រី បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ចូលសម្ដែង ក្នុងតុក្កតា Doraemon ជិត៣ទសវត្សរ៍ រហូតដល់គាត់ត្រូវចាកចេញពីការងារនៅក្នុងឆ្នាំ២០០៥ដោយសារបញ្ហាសុខភាព។ ចំពោះតុក្កតា Doraemon នៅតែចាក់ផ្សាយជាគំនូរជីវចលជប៉ុនដដែល និងជាការពេញនិយមនៅទូទាំងអាស៊ី និងពិភពលោក៕