Cctimesw1140xh150cm copy

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ស្នើឲ្យMGI និងMGC បញ្ចប់វិវាទឲ្យបានលឿន កុំឲ្យស្ថានការណ៍កាន់តែធំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ.) ថ្ងៃទី១០ ខែតុលា បានស្នើឲ្យក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដោះស្រាយវិវាទផ្ទាល់ខ្លួនឲ្យបានលឿន ដើម្បីកុំឲ្យស្ថានការណ៍កាន់រីកធំ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

យោងសេចក្តីថ្លែងការណ៍រួមរបស់ ក.អ.ក. និង ស.អ.ថ. បានបញ្ជាក់ថា បន្ទាប់ពីបានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។

ក.អ.ក. និង ស.អ.ថ. មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក. និង ស.អ.ថ. បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើឲ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យស្ថានការណ៍កាន់តែរីកធំ។ ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។

ជាមួយគ្នានេះ ក.អ.ក និង ស.អ.ថ. ក៏អំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងប្រទេសទាំងពីរ មុនពេល ចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើ មេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។

ក.អ.ក. និង ស.អ.ថ. សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង