អាម៉េរិក៖ ខ្យល់ព្យុះសង្ឃរា Milton បានបោកបក់ចូលឆ្នេរសមុទ្រឈូងសមុទ្រផ្លរីជាលើកដំបូងមិនធ្លាប់មាន សង្ឃរា Milton ជាព្យុះប្រភេទទី ៣ ដែលមានកម្លាំងខ្យល់បក់ ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបំផ្លាញផ្ទះសម្បែងអស់ជាច្រើនរយខ្នងក្នុងរដ្ឋ Florida របស់អាម៉េរិក ហើយប្រជាពលរដ្ឋរាប់លាននាក់ បង្ខំចិត្តទៅស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ តុលា នេះព្យុះកំណាចនេះ បានបោកបក់ជាខ្លាំងលើរដ្ឋFlorida ដែលធ្វើឲ្យផ្ទះជាច្រើនខ្នងប៉ើង និង រងការខូចខាតយ៉ាងដំណំ ក្នុងនោះមានឡានទ្រព្យសម្បត្តិរបស់ពលរដ្ឋអាម៉េរិកជាច្រើន ត្រូវបានបំផ្លិញបំផ្លាញដោយសារតែព្យុះកំណាច Milton ហើយចំនួនអ្នកស្លាប់ និង រងរបួសមិនទាន់ត្រូវបានអាជ្ញាធរអាម៉េរិកបញ្ចាក់នៅឡើយនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ភ្លៀងធ្លាក់ខ្លាំង និង ព្យុះថ្មីៗ ជាច្រើនប្រភេទកំពុងកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ នៅពេលដែលផ្ទៃមហាសមុទ្រកាន់តែក្តៅបញ្ចេញចំហាយទឹកកាន់តែច្រើន ពួកវាផ្តល់ថាមពលកាន់តែច្រើនសម្រាប់ព្យុះ ហើយនិងបង្កើតទៅជាព្យុះកំណាចកាន់តែច្រើនឡើងមិនធ្លាប់កើនមាននៅលើពិភពលោក។
ព្យុះកំណាច Milton បានវាយប្រហារអាម៉េរិកម្តងទៀតត្រឹមតែពីរសប្តាហ៍ក្រោយពីខ្យល់ព្យុះដ៏ធំមួយទៀតគឺ Helene បានបំផ្លិចបំផ្លាញរដ្ឋ ផ្លរីដា និង រដ្ឋភាគអាគ្នេយ៍ផ្សេងទៀតដែលជាការវាយប្រហារស្ទួនៗជាប់គ្នារបស់ព្យុះកំណាចធំៗទាំងពីរនេះ លើសហរដ្ឋអាម៉េរិកមិនធ្លាប់មាន។ ក្នុងការវាយប្រហារពីរសប្តាហ៍មុនមានមនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ត្រូវបានសម្លាប់។ Helene គឺជាខ្យល់ព្យុះទី ២ ដែលសម្លាប់មនុស្សច្រើនជាងគេនៅទ្វីបអាម៉េរិក ក្នុងរយៈពេលជាងកន្លះសតវត្សបន្ទាប់ពីព្យុះ Katrina បានវាយលុករដ្ឋ Louisiana ក្នុងឆ្នាំ ២០០៥ ដោយបានឆក់យកជីវិតមនុស្សជិត ១,៤០០ នាក់៕