ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។
ក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ការជួបប្រជុំគ្នានាពេលនេះគឺធ្វើឡើងដើម្បីឆ្លើយតបតាមសំណូមពរជាច្រើនក្នុងការស្នើសុំកសាងផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
ទាក់ទិននឹងសំណើនេះ លោក សាយ សំអាល់ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបម្រើដល់វិស័យទេសចរណ៍និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាផែរួមនេះ នឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ហើយមិនមែនត្រឹមតែជាផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ។
យោងតាមស្មារតីនៃអង្គប្រជុំក្រោមការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ៕