ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកដំបូងថ្ងៃទី ៨ តុលានេះ មានបេក្ខជនអវត្តមានចំនួន ២១២២នាក់ ត្រូវជា១,៥៥ភាគរយ នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០នាក់។បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និង មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
សរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។
បើតាមក្រសួងអប់រំ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ៕