អ៊ីស្រាអែល៖ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកជាច្រើនគ្រាប់កម្ទេចទីតាំងស៊ើបការណ៍សម្ងាត់របស់ក្រុមហេសបូឡានៅយប់ថ្ងៃអាទិត្យ ក្នុងទីក្រុងបេរូត ដែលការវាយប្រហារទ្រង់ទ្រាយធំជាលើកទីពីរក្នុងឪកាសគ្រប់ខួបមួយឆ្នាំនៃការវាយប្រហាររបស់ប៉ាឡេស្ទីន និងអ៊ីរ៉ង់លើប្រទេសអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃចន្ទថា យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿងអមជាមួយគ្រាប់បែបបានវាយប្រហារលើទីស្នាក់ការស៊ើបការណ៍សម្ងាត់របស់ក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីន ក៏ដូចជាមជ្ឈមណ្ឌលបញ្ជាការ និង ទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករជាច្រើនទៀតរបស់អ៊ីរ៉ង់។
ក្នុងការវាយប្រហារក៏បានកំណត់គោលដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ Beqaa ដោយអ៊ីស្រាអែលបានបំផ្លាញឃ្លាំងផ្ទុកអាវុធ និងមជ្ឈមណ្ឌលបញ្ជាការជាច្រើនរបស់អ៊ីរ៉ង់។ ក្នុងនោះកងទ័ពអ៊ីស្រាអែលក៏កំពុងបន្តប្រតិបត្តិការឆ្លងព្រំដែនប្រឆាំងនឹងក្រុមហេសបូឡា ហើយបានធ្វើការវាយឆ្មក់នៅតំបន់ Jabaliya នៃតំបន់ហ្គាហ្សាផងដែរ ការវាយប្រហារទាំងយប់របស់អ៊ីស្រាអែលនេះបានបណ្តាលឲ្យមានយ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតរងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថាប្រទេសអ៉ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ ទី១ ខែតុលា បានបាញ់មីស៊ីល ចូលទឹកដីអ៉ីស្រាអែល ដើម្បីសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ មេដឹកនាំហាម៉ាស មេដឹកនាំហេសបូឡា និង មេបញ្ជាការអ៉ីរ៉ង់ដែលត្រូវបានអ៉ីស្រាអែលសម្លាប់។សេចក្តីរាយការណ៍នានាថា ប្រទេសអ៉ឺរ៉ង់ បានបាញ់ស្រោចមីស៊ីលជាង២០០គ្រាប់ សំដៅចូលទៅកាន់ទីតាំងសំខាន់របស់អ៉ឺស្រាអែល៕