Img 1426
Swift cc time

ព្រះមហាក្សត្រយាងត្រឡប់មកដល់កម្ពុជា ក្រោយចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅបារាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជា ក្រោយយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រកបដោយលទ្ធផលដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់។

សូមជម្រាបថា ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា កាលពីថ្ងៃទី៥ តុលា បានសព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ក្នុងកិច្ចប្រជុំកំពូលលំដាប់អន្តរជាតិនេះ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ព្រះមហាក្សត្រ បានថ្លែងអរគុណដល់ប្រទេសជាសមាជិកដែលបានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង បានប្តេជ្ញាថា កម្ពុជានិងប្រជាជនកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលនេះឱ្យបានល្អ និង សប្បាយរីករាយ។

ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅវិមាន Grand Palais នាទីទីក្រុងប៉ារីស ប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា។ ជាមួយការប្រកាសនេះ ក៏មានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និង រដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនោះ។

បន្ទាប់ពីការប្រកាស មានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា បង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និង ជាចំណុចមួយដែលអតីតកាល និង អនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ បន្ទាប់មក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។


Khcct banner

អត្ថបទទាក់ទង