Cctimesw1140xh150cm copy

ព្រះមហាក្សត្រប្តេជ្ញាថាកម្ពុជានឹងរៀបចំ«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី»ឆ្នាំ២០២៦ដ៏រីករាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  យាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ប៉ារីស៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា កាលពីថ្ងៃទី៥ តុលា បានសព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ក្នុងកិច្ចប្រជុំកំពូលលំដាប់អន្តរជាតិនេះ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ព្រះមហាក្សត្រ បានថ្លែងអរគុណដល់ប្រទេសជាសមាជិកដែលបានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង បានប្តេជ្ញាថា កម្ពុជានិងប្រជាជនកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលនេះឱ្យបានល្អ និង សប្បាយរីករាយ។

ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅវិមាន Grand Palais នាទីទីក្រុងប៉ារីស ប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា។ ជាមួយការប្រកាសនេះ ក៏មានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និង រដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនោះ។

បន្ទាប់ពីការប្រកាស មានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា បង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និង ជាចំណុចមួយដែលអតីតកាល និង អនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ បន្ទាប់មក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និង ក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។

ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។

គួរបញ្ជាក់ថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ មានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និង សមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។កម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ និង បានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង